Ticker

6/recent/ticker-posts

Header Ads Widget

កូរ៉េខាងត្បូង៖​ពលរដ្ឋ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ចុះចេញ​ពី​តំណែង

នៅ​កូរ៉េខាងត្បូង រឿងអាស្រូវ​រវាង​លោកស្រី​ប្រធានាធិបតី​ប៉ាក៉ គុនហេ និង​លោកស្រី​ចយ ស៊ុនស៊ីល​កំពុង​បន្ត​ក្លាយ​ជា​វិបត្តិនយោបាយ​មួយ​យ៉ាង​ធ្ងន់ធ្ងន់។ នៅ​ថ្ងៃ​សៅរ៍ ទី៥ វិច្ឆិកា​នេះ មាន​ពលរដ្ឋ​កូរ៉េខាងត្បូង​ជា​ច្រើន​ពាន់នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ចុះចេញ​ពី​តំណែង។ មាន​កម្លាំង​ប៉ូលិស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ទីក្រុង​សេអ៊ូល​ដើម្បី​ធានា​សន្តិសុខ និង​ប្រឆាំង​ទប់​រាល់​អំពើ​ហិង្សា​ជា​យថាហេតុ។
ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​ពី​កម្លាំង​ប៉ូលិស​មិន​ឲ្យ​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សេអ៊ូល​ដោយ​លើក​យក​ហេតុផល​ស្ទះ​ចរាចរណ៍​ក៏​ដោយ ក៏​គេ​មិន​អាច​រារាំង​បាតុករ​កូរ៉េខាងត្បូង​ប្រមាណ​ជា ៤០ ០០០នាក់​បាន​ដែរ។ ពួក​គេ​បាន​នាំ​គ្នា​ដង្ហែក្បួន​បាតុកម្ម​រហូត​ដល់​ខាង​មុខ​វិមាន​ប្រធានាធិបតី​ដោយ​ស្រែក​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ចុះ​ចេញ​ពី​តំណែង។ នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ប្រមាណ​ជា ២០ ០០០នាក់​ដើម្បី​ប្រឆាំង​ទប់​រាល់​ទង្វើ​ហិង្សា​ជា​យថាហេតុ​ដែល​កើត​ចេញ​ពី​ក្បួន​បាតុកម្ម​នោះ។

ក្បួន​បាតុកម្ម​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​ប៉ាក់ គុនហេ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​ទឹកមុខ​ស្រងូតស្រងាត់​ថា លោកស្រី​ទទួល​ស្គាល់​ពី​កំហុស​ឆ្គង​ក្នុង​រឿងអាស្រូវ​រវាង​លោកស្រី​ជាមួយ​នឹង​មិត្តភក្តិ​តាំង​ពី ៤០ឆ្នាំ គឺ​លោកស្រី​ចយ ស៊ុនស៊ីល។ ម្យ៉ាងទៀត លោកស្រី​ប៉ាក់ គុនហេ​បាន​បញ្ជាក់​ថា លោកស្រី​ត្រៀម​ខ្លួន​ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​ប៉ាក់ គុនហេ​បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា លោកស្រី​មិន​បាន​ទទួល​គំនាប ឬ​មួយ​ទទួល​ឥទ្ធិពល​អ្វី​ពី​លោកស្រី​ចយ ស៊ុនស៊ីល​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា​មាន​អាយុ ៦០ឆ្នាំ លោកស្រី​ចយ ស៊ុនស៊ីល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី ២ថ្ងៃ​មុន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ដើម្បី​ចង់​ដឹង​ថា តើ​លោកស្រី​មាន​បាន​ប្រើ​ឥទ្ធិពល​របស់​លោកស្រី​ប៉ាក់ គុនហេ​ដើម្បី​ប្រយោជន៍​ជំនួញ​ផ្ទាល់ខ្លួន ឬ​អត់។ ចំណែក​មហាជន​ទូទៅ​កំពុង​សម្តែង​ក្តីបារម្ភ​ពី​ការ​ដែល​លោកស្រី​ចយ ស៊ុនស៊ីល​បាន​លូកដៃ​នៅ​ក្នុង​កិច្ចការ​សម្ងាត់​របស់​រដ្ឋ ព្រោះ​លោកស្រី​គ្មាន​តួនាទី​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​ទេ។ រីឯ​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ដ៏​សំខាន់​ក៏​បាន​ទាមទារ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ចុះចេញ​ពី​តំណែង​ដែរ។

តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា លោកស្រី​ប៉ាក់ គុនហេ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ជា​ផ្លូវការ​នៅ​ឆ្នាំ​ក្រោយ តែ​កំពុង​មាន​កម្រិត​ប្រជាប្រិយភាព​ធ្លាក់​ក្រោម ១០% ដោយសារ​រឿងអាស្រូវ​ទាក់ទង​នឹង​លោកស្រី​ចយ ស៊ុនស៊ីល រួម​ទាំង​វិបត្តិសេដ្ឋកិច្ច​នោះ ពិបាក​នឹង​លា​ឈប់​ពី​តំណែង​ដោយ​ខ្លួន​ឯង៕

Post a Comment

0 Comments