ព្រៃវែង៖ រថយន្តសាំយ៉ុងដឹកភ្ញៀវទេសចរណ៌១គ្រឿង បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យស្ត្រីចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាល។
ករណីគ្រោះថ្នាក់ចរាចរណនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ស្ថិតក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ។
រថយន្តដែលបើកធ្លាក់ផ្លូវ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-3715 ជារថយន្តដឹកភ្ញៀវទេសចរណ៌ និងបើកបរដោយបុរសម្នាក់ឈ្មោះ ម៉ៅ វិសុទ្ធ អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះទាំង៣នាក់ គឺជាជនជាតិសាំហ្គាពួរ ប៉ុន្តែមិនត្រូវបានគេប្រាប់អត្ថសញ្ញាណនោះទេ
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិចឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់កន្លែងកើតហេតុ មានរថយន្តធំមួយនៅពីមុខ ហើយរថយន្តសាំយ៉ុងបានព្យាយាមវ៉ាឲ្យផុត ប៉ុន្តែគាប់ជួនពេលនោះមានរថយន្តផ្សេងទៀត បើកមកដល់ក្នុងទិសដៅផ្ទុយគ្នា ធ្វើឲ្យរថយន្តសាំយ៉ុងដឹកជនជាតិសាំហ្គាពួរនេះ អកស៊ើ ហើយក៏កាច់ចង្កូតគេចទៅស្តាំដៃវិញ ធ្វើឲ្យជ្រុលចង្កូតផុតផ្លូវធ្លាក់ចុះទៅក្រោម ក្រឡាប់បះជើងមួយចំហៀងខ្លួន និងធ្វើឲ្យអ្នកជិះនៅក្នុងរថយន្តចំនួន៣នាក់ បោកទង្គិចក្នុងរថយន្តរងរបួស។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមសមត្ថកិច្ចក៏បានទៅដល់ភ្លាម ហើយក៏បានហៅកំលាំងអ្នកស្រុកជួយគាស់រថយន្តបញ្ឈរឡើងវិញ ដើម្បីគាស់យកស្ត្រីរងគ្រោះទាំង៣នាក់នៅក្នុងរថយន្តចេញមកក្រៅ ហើយក៏បានទាក់ទងហៅរថយន្តដឹកយកទៅសង្គ្រោះនៅឯរាជធានីភ្នំពេញភ្លាមៗតែម្តង ចំណែកអ្នកបើកបររថយន្ត និងរថយន្តត្រូវបានកំលាំងនគរបាលនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកពារាំង ធ្វើកំណត់ហេតុចាក់ការទៅតាមនិតិវិធី៕






0 Comments