ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៧:០១ (22-09-2016 17:01)
ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សង្ឃមួយអង្គ ជាគ្រូសូត្រស្តាំ ត្រូវបានព្រះចៅអធិការវត្តចំបក់ ហៅវត្តត្រែងត្រយឹង ចាប់ផ្សឹកកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់បន្ត ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការចាប់ផ្សឹកគ្រូសូត្រស្តាំអង្គនេះគឺយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ម៉ែន វណ្ណ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លេខ២៤៣ ព្រ.ទ.ព.ស ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ពាក់ព័ន្ធសម្រួលទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតិញៀន ។
សេចក្តីរាយការណ៍បញ្ជាក់ថា អន្ទិតដែលត្រូវចាប់ផ្សឹកកាលពីព្រឹកមិញនេះឈ្មោះ នួន សាវន ហៅខ្មៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជាអតីតសង្ឃគង់នៅក្នុងវត្តចំបក់ ហៅវត្តត្រែងត្រយឹង ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕
0 Comments