ក្រុងឡុងដ៍: ម្ចាស់ជើងឯកពូកែចងចាំបំផុតក្នុងលោក ៨ ដងក្នុងរយៈពេល ១០ ឆ្នាំ ដែលអាចចងចាំគ្រប់សន្លឹក បៀត្រឹមតែប៉ុន្មានវិនាទី និងត្រូវបានហាមមិនឲ្យចូលលេងកាស៊ីណូគ្រប់ទាំងអស់នៅជុំវិញពិភពលោក ដូមីនិក អូប្រៀន ជាបុរសពូកែចាំបំផុត។
រំឭកពីប្រវត្ដិកាលគ្រាកុមារ លោក ដូមីនិក អូប្រៀន បានសារភាពថា លោកសមតែជាមនុស្សមិនចេះចាំអ្វីទាំងអស់។ កាលពីក្មេង លោកមានជំងឺខ្សោយការផ្ចង់អារម្មណ៍ធ្ងន់ធ្ងរ និងមិនដែលស្ដាប់គ្រូអ្វីទាំងអស់។ លោកក៏ធ្លាប់មានបញ្ហាសរសេរអក្សរបញ្ច្រាស និងអត់ចេះអានសរសេរផងដែរ។
បុរសវ័យ ៥៩ ឆ្នាំរូបនេះរំឭកថា៖ «ខ្ញុំធ្លាប់ប៉ះទង្គិចក្បាលកាលពីទារក។ ខ្ញុំបានបោកទៅនឹងរថភ្លើង និងដួលចូលផ្លូវរថភ្លើង ពេលនោះមានស្នាមជាំលើថ្ងាសយ៉ាងដំណំ។ ខ្ញុំគិតថា វាប៉ះពារខួរក្បាលខ្ញុំហើយ»។
លោក អូបៀន បានបញ្ជាក់ថា៖ «ខ្ញុំមិនបានហ្វឹកហាត់ទេរហូតដល់អាយុ ៣០ ឆ្នាំ តែពេលប៉ុន្មានសប្ដាហ៍ ខ្ញុំអាចធ្វើអ្វីបានដែលខ្ញុំធ្លាប់គិតថា វាអស្ចារ្យសម្រាប់ខ្ញុំ។ ក្រោយមក ខ្ញុំគិតថា ខ្ញុំត្រូវការពេល ៣ ខែមុនពេលដែលខ្ញុំអាចបង្កើតកំណត់ត្រា ដូចជា ការចងចាំសន្លឹកបៀឲ្យបានឆាប់រហ័ស។ រយៈពេលមួយឆ្នាំ ខ្ញុំជាប់ឯតទគ្គកម្មពិភពលោកហ្គីនណេសចំពោះការចងចាំសន្លឹកបៀរ ៦ ហ៊ូ ហើយបច្ចុប្បន្ន ខ្ញុំជាប់កំណត់ត្រាថ្មីសម្រាប់សន្លឹកបៀទាំងអស់ ៥៤ ហ៊ូ»។
លោក ដូមីនិក អូប្រៀន បានសរសេរសៀវភៅជាច្រើនស្ដីពីការហ្វឹកហាត់ការចងចាំ បានសហការបង្កើតព្រឹត្ដិការណ៍ជើងឯកពូកែចងចាំនៅចក្រភពអង់គ្លេស៕
0 Comments