ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៩:០៣ (18-10-2016 09:03)
ខេត្តកំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងហូរធ្លាក់ពីស្ទឹងព្រែកត្នោត បានជន់ឡើងពេញប្រៀបមាត់ស្ទឹង ក្នុងនោះប្រជាពលរដ្ឋដែលមានលំនៅដ្ឋានលើកោះមួយក្នុងស្ទឹង ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្លែសាទប ស្រុកឱរ៉ាល់ ដែលជាប់នៅលើកោះនោះ ធ្វើឱ្យសាច់ញាតិមានការបារម្ភពីសុវត្ថិភាពអាយុជីវិតយ៉ាងខ្លាំង ។
តែទោះបីជាបែបនេះក្តី អ្នកទាំង២នោះបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីសមត្ថ កិច្ចនគរបាល ដឹកនាំដោយលោកវរសេ នីយ៍ត្រីប៑ុត ប៊ុនធឿន ចុះអន្តរាគមន៍ជួយសង្គ្រោះទាន់ពេល ។
លោកប៊ុត ប៊ុនធឿន បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធ ដែលនៅជាប់លើកោះស្ទឹងក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ មានឈ្មោះតាឡូញ អាយុ៨៨ឆ្នាំ និងយាយបឿន អាយុ៥៨ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់ហើយ។
លោកបានឱ្យដឹងទៀតថា ក្រោយទទួលសេចក្តីរាយការណ៍កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១៧ តុលា ថា ស្ថិតនៅចំណុចខាងលើ មានប្រជាពលរដ្ឋ២នាក់ប្តី-ប្រពន្ធ បានជាប់នៅលើកោះ ខណៈជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងគំហុក និងធ្វើឱ្យពួកគាត់ មិនអាចឆ្លងទៅណារួច បាននាំគ្នាឡើងទៅលើចុងឈើ (ចុងភ្ញៀវ) ដើម្បីគេចពីការហូរជន់របស់ទឹក ។
ក្នុងនោះ លោក ព្រមទាំងកម្លាំងក្រោមបញ្ជាបានចុះទៅដល់កន្លែងភ្លាមៗ និងបានប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការជួយសង្គ្រោះយកពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ដោយមិនមានរងគ្រោះដល់អាយុជីវិតឡើយ ។
0 Comments