ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៣:២៤ (18-10-2016 13:24)
ខេត្តសៀមរាប ៖ បុរសម្នាក់បានសម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនឯង ទៅនឹងដើមឈើក្បែរផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបុរសនោះ ត្រូវគេដឹងថា បានឈ្លោះពាក្យសម្តីជាមួយប្រពន្ធរយៈពេល២-៣ថ្ងៃមកហើយ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី១៨ តុលា ស្ថិតនៅភូមិភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះខាងលើឈ្មោះឡាយ សន អាយុ៣៣ឆ្នាំ មុខរបរគ្មាន រស់នៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមសម្តីប្រពន្ធជនរងគ្រោះរៀបរាប់ថា គ្រួសារគាត់បានឈ្លោះប្រកែកគ្នាពាក្យសម្តី២ ទៅ៣ថ្ងៃមកហើយ ក្រោយពីឈ្លោះប្រកែកគ្នា ប្តីគាត់បានដើរចេញពីផ្ទះមិនដឹងទៅណា ប៉ុន្តែគាត់ពុំបានដើរតាមរក ។ លុះដល់ព្រឹកឡើងថ្ងៃទី១៨ តុលា នេះ ទើបប្រទះឃើញសាកសពប្តីចង.កសម្លាប់ខ្លួននៅនឹងដើមឈើក្បែរផ្ទះទៅវិញ ។
លោកអនុសេនីយ៍ឯក ដា ចំរើន អធិការរងនគរបាលក្រុងសៀមរាបក៏បានឱ្យដឹងដែរថា ក្នុងហេតុការណ៍ចង.កនេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះចង.កខ្លួនឯងនឹងខ្សែក្រវ៉ាត់នៅលើដើមឈើក្បែរផ្ទះមែន ។
លោកបន្តថា បន្ទាប់មកបានសហការជាមួយកម្លាំងជំនាញពិនិត្យសាកសព និងកាត់ខ្សែទម្លាក់មកដី ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនមែនជាអំពើឃាតកម្មនោះទេ ដោយនៅលើរូបរាងកាយសាកសព ពុំមានស្លាកស្នាមអ្វីក្រៅពីចង.កនោះទេ។




0 Comments