ក្រុងកូកចាលីៈ មេដឹកនាំក្រុមជីហាដ លោក Abu Bakr al-Baghdadi បានអំពាវនាវដល់ក្រុមយុទ្ធជនរបស់លោកឲ្យតស៊ូ ខណៈកម្លាំងអ៊ីរ៉ាក់ បានត្រៀមខ្លួនពីថ្ងៃព្រហស្បតិ៍ ដើម្បីវាយលុកចូលក្នុងក្រុងម៉ូស៊ូល ជាទីដែលលោកធ្លាប់បានប្រកាសជា «ទឹកដីស្តេចកាលីព» នៃរដ្ឋអ៊ិស្លាម ពីឆ្នាំកន្លងទៅ។
ការអំពាវនាវនោះ ត្រូវបានធ្វើឡើងនៅក្នុងខ្សែអាត់សំឡេងមួយ ដែលបានចេញផ្សាយតាមអ៊ីនធឺណិត និងត្រូវបានអះអាងដោយ មេដឹកនាំដែលពូកែគេចខ្លួនរបស់ក្រុមរដ្ឋអ៊ិស្លាម ថាជាសារដំបូង របស់លោកក្នុងឆ្នាំនេះ។ លោកបាននិយាយថា៖ «កុំដកថយ!។ ឈរយ៉ាងរឹងមាំលើទឹកដីរបស់អ្នកដោយកិត្តិយស គឺ ងាយស្រួល មួយពាន់ដង ជាងការដកថយ ក្នុងភាពអាម៉ាស់»។
ដោយសំដៅដល់ខេត្តភាគខាងជើងអ៊ីរ៉ាក់ លោក Baghdadi បាននិយាយថា៖ «ចំពោះប្រជាជនគ្រប់រូបនៅខេត្ត Nineveh ជាពិសេស ក្រុមយុទ្ធជន ត្រូវដឹងពីភាពខ្សោយណាមួយ ក្នុងការប្រឈមនឹងសត្រូវអ្នក»។
ទឹកដីរបស់ «ព្រះចៅកាលីព» នេះ បាន និងកំពុងរួមតូចយ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុន ហើយកម្លាំងអ៊ីរ៉ាក់ ពីដើមសប្តាហ៍នេះ បានទៅដល់ក្រុងម៉ូស៊ូល ជាទីតាំងរឹងមាំធំចុងក្រោយនៅអ៊ីរ៉ាក់ របស់ក្រុមជីហាដនេះហើយ។ កម្លាំងអ៊ីរ៉ាក់ ដែលគាំទ្រដោយអាមេរិក ពីថ្ងៃពុធ បានរុលចូលកាន់តែកៀកទីប្រជុំជនមួយខាងត្បូងក្រុងម៉ូស៊ូល ជាទីដែលក្រុមផ្តល់ជំនួយ និងក្រុមមន្ត្រីក្នុងតំបន់និយាយថា ក្រុម IS បានប្រហារជីវិតអ្នកទោសរាប់សិបនាក់។
សេចក្តីថ្លែងការណ៍យោធា មួយ បាននិយាយថា កម្លាំងសន្តិសុខ បានរុលទៅដល់ជាយនៃទីប្រជុំជន Hammam al-Alil ជារមណីយដ្ឋានទឹកក្តៅមួយ បន្ទាប់ពីកងឯកភាពពិសេស បានបំបែក ព្រំដែនខាងកើតរបស់ម៉ូស៊ូល។
ទាហានអ៊ីរ៉ាក់រាប់ម៉ឺននាក់ និងកម្លាំងចម្រុះដឹកនាំដោយអាមេរិក និងយន្តហោះចម្បាំងខ្លួនជាច្រើន បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើក្រុងម៉ូស៊ូលពីថ្ងៃទី១៧ តុលា ដោយដណ្តើមកាន់កាប់ភូមិនិងទីប្រជុំជនរាប់សិប។
ភ្លាមៗនេះ AFP ពុំមានលទ្ធភាពបញ្ជាក់ពីភាពពិតនៃខ្សែអាត់ដែលមានចំណងជើងថា «នោះគឺជាអ្វីដែលព្រះ និងអ្នកនាំសាររបស់ទ្រង់ បានសន្យាដល់យើង» នោះទេ ប៉ុន្តែក្រុមអ្នកជំនាញល្បីឈ្មោះលើអង្គការជីហាដ ពុំបាន បង្ហាញពីក្តីមន្ទិលនោះទេ។
ពាក្យចចាមអារ៉ាមជាច្រើន បាន និយាយអំពីបញ្ហាសុខភាព និងចលនារបស់មេដឹកនាំជីហាដអ៊ីរ៉ាក់រូបនេះ ប៉ុន្តែទីតាំងលាក់ខ្លួន គេមិនច្បាស់ទេ។ ក្រុម IS ធ្លាប់មានទំនោរដកថយ នៅពេលចាញ់ចំនួនកម្លាំងសត្រូវថ្មីៗនេះ ដោយបោះបង់ចោលបន្ទាយរបស់ខ្លួនខ្លះដូចជា Fallujah នៅអ៊ីរ៉ាក់ និង Dabiq នៅស៊ីរី ដោយគ្មានធ្វើតាមមនោគមន៍វិជ្ជាស៊ូប្រយុទ្ធមហាវិនាសកម្មរហូតដល់ទីបញ្ចប់ដ៏ជូរចត់ទេ។
នៅក្នុងសារចុងក្រោយបំផុតរបស់គាត់ ដែលគ្មានកាលបរិច្ឆេទ នេះ ប៉ុន្តែបានធ្វើការយោងទៅព្រឹត្តិការណ៍ជាច្រើនស្ទើរតែប៉ុន្មាន សប្តាហ៍នេះ លោក Baghdadi អំពាវនាវឲ្យមានការវាយប្រហារ ប្រឆាំងអារ៉ាប៊ីសាអ៊ូឌីត ជាគោលដៅសំខាន់របស់គាត់និងតួកគី។
ក្រុងអង់ការ៉ា បានដាក់ទ័ពតាមព្រំដែនអ៊ីរ៉ាក់ និងនៅបន្ទាយមួយនៅក្រៅក្រុងម៉ូស៊ូល ដោយត្រៀមខ្លួនជាស្រេចសម្រាប់ការគំរាមកំហែងទាំងនោះ។ លោក Baghdadi ក៏បាននិយាយថា អ្នកគាំទ្រលោក ដែលមិនអាចធ្វើដំណើរទៅស៊ីរី ឬអ៊ីរ៉ាក់ គួរតែតម្រង់ទៅលីប៊ី និងបានជំរុញឲ្យយុទ្ធជន IS ទាំងអស់នៅតែរួបរួមគ្នាក្នុងគ្រាអាសន្ននេះ។
លោក បានប៉ុនប៉ងកកូរកកាយការអាក់អន់ចិត្តខាងនិកាយ ដោយ សំដៅដល់ទង់សាសនា និងពាក្យស្លោក របស់យុទ្ធជននិកាយស៊ីអ៊ីត ក្នុងចំណោមកម្លាំងអ៊ីរ៉ាក់ និងតាមរយៈការចោទប្រកាន់លើក្រុមអ្នកនយោបាយក្បត់ជាតិរបស់ប្រទេសនេះ៕
0 Comments