(ភ្នំពេញ)៖ តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាព ប៉ុន្មានម៉ោងមុននេះ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ហើយសពនឹងត្រៀមបញ្ចូនមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យ នៅពេលខាងមុខនេះ នេះបើយោងតាមក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត ថ្លែងប្រាប់អោយដឹង នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានប្រាប់សារព័ត៌មានក្នុងស្រុក ថា ប្អូន របស់លោក កញ្ញា ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ៤ឆ្នាំមកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយ សង្គ្រោះជីវិតរបស់នាងបានឡើយ។
ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ។ ដំណឹងនេះ ពិតជាដំណឹងដ៏សោកសៅ និងក្ដុកក្ដួលជាទីបំផុតសម្រាប់ក្រុមគ្រួសារ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែល បានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់៕




0 Comments