ភ្នំពេញ ៖ ក្រោយបើកសវនាការជាច្រើនម៉ោងរួចមក លោក សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅវេលាថ្ងៃត្រង់ទី២១ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចច្រានចោលបណ្ដឹងសុំមោឃភាពនីតិវិធីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។ លោក អ៊ុំ សំអាន ត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស វិញ ក្រោយការសម្រេចរបស់តុលាការកំពូល ។
ទន្ទឹមនឹងនេះ សាលក្រមផ្ដន្ទាទោសលោក អ៊ុំ សំអាន នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ដែលតុលាការចាត់ទុកថា ជាការបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕
0 Comments