ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៩:៤៨ (12-10-2016 09:48)
ខេត្តប៉ៃលិន ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ខណៈប្រជាពលរដ្ឋប្រទះឃើញប្រពន្ធនាយរងប៉ុស្តិ៍អូរតាវ៉ៅបានស្លាប់ក្នុងថ្លុកឈាមនៅក្នុងប្រឡាយភក់មួយនៅខាងក្រោយភ្នំយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីបុរសដែលជាប្តីឈ្មោះ ទូច ឈិនលីន អាយុ៣២ឆ្នាំ ជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានឱ្យដឹងថា សពស្ត្រីខាងលើជាប្រពន្ធរបស់ខ្លួនឈ្មោះ កូវ សៀវហេង អាយុ២៥ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក កូនបងអាយុ៥ឆ្នាំ និងប្អូនអាយុជាង១ឆ្នាំ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
លោកបន្តទៀតថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្រពន្ធរបស់ខ្លួនបានប្រាប់ថា សុំទៅទិញបង្អែមនៅសួនកុមារមួយភ្លែត ដោយទាញយកម៉ូតូរបស់ខ្លួនដែលជាម៉ូតូអង្គភាពជិះចេញទៅ រហូតដល់ម៉ោង៩យប់ មិនឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ហើយម្យ៉ាងវិញទៀតកូនតូចយំរកម្តាយ ក៏រត់ទៅខ្ចីម៉ូតូអ្នកជិតខាងតាមរកប្រពន្ធ តែរកគ្រប់ច្រកល្ហក តាមផ្ទះសំណាក់ និងកន្លែងនានាពេញ១យប់នៅតែមិ នឃើញ ។
លោកនាយរងប៉ុស្តិ៍ជាប្តីបន្តទៀតថា នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល មានគេទូរស័ព្ទប្រាប់គាត់ថា ប្រទះឃើញសពស្ត្រីម្នាក់ដោយសង្ស័យថាជាប្រពន្ធរបស់ខ្លួន ខ្លួនក៏ទៅពិនិត្យទើបស្គាល់ថា ជាសពប្រពន្ធរបស់ខ្លួនមែន ។ លោកបញ្ជាក់ទៀតថា គ្រួសាររបស់ខ្លួនមិនធ្លាប់មានទំនាស់ជាមួយនរណាម្នាក់ទេ ហើយនាងនៅតែផ្ទះមើលថែទាំកូនទាំង២នាក់ប៉ុណ្ណោះ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅយប់វេលាម៉ោងប្រហែល៨យប់ ស្ត្រីរងគ្រោះបានជិះម៉ូតូឌុបបុរសម្នាក់ចេញពីក្បែរផ្ទះរបស់ខ្លួនសំដៅទៅទិសខាងលិច ហើយក៏បាត់ខ្លួនរហូតតែម្តង ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ឃើញមានបុរសស្ត្រី១គូជិះម៉ូតូយ៉ាងលឿនសំដៅទៅព្រៃខាងក្រោយភូមិ ដល់កន្លែងកើតហេតុក៏ឮសូរសម្លេងឈ្លោះប្រកែកគ្នា រួចក៏ស្ងាត់ទៅវិញ ។ ស្រាប់តែព្រឹកឡើងក៏ប្រទះឃើញសពស្ត្រីរងគ្រោះខាងលើដេកស្លាប់នៅក្នុងប្រឡាយ ។ ចំណែកម៉ូតូធ្លាក់នៅក្នុងផ្លូវដាច់ រួចក៏រា យការណ៍ជូនសមត្ថកិច្ចតែម្តង ។
ចំណែកសមត្ថកិច្ចនគរបាលស្នងការខេត្តប៉ៃលិនមិនទាន់ហ៊ានសន្និដ្ឋានថាជាករណីអ្វីឱ្យប្រាកដនោះទេ កំពុងតែធ្វើការវាស់វែង និងធ្វើកោសល្យវិច្ច័យ ដើម្បីឈានទៅរកចាប់ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕








0 Comments